វិធីពន្យារកំណើត
 
 
* ការពន្យាកំណើត
* ប្រភេទនៃការពន្យាកំណើត
* តើរួមភេទពេលណា
ទើបគ្មានផ្ទៃពោះ
* ពិគ្រោះការពន្យាកំណើត
* ការភ័ន្តច្រឡំ
នៃការពន្យាកំណើត
* ប្រើស្រោមអនាម័យឬទេ?
* សំនួរ និងចំលើយ


តើអ្វីទៅជាការពន្យារកំណើត? ការពន្យារកំណើត គឺជាមធ្យោបាយទាំងឡាយ ដែល​ធ្វើ​ឡើង ដើម្បី​​ការពារ​កុំអោយនារីមាន​ផ្ទៃពោះបាន។ នៅពេលដែលអ្នកចង់ប្រើប្រាស់​មធ្យោបាយ​ ពន្យារ​កំណើត គឺ​ជា​​កត្ដា​​​ចំបង​​​ដែល​​អ្នក​​​គួរ​​​តែ​​ពិភាក្សា អោយបាន​ដិតដល់ អំពីមធ្យោបាយ ពន្យារ​ កំណើតណា​មួយ ដែលល្អ​សំរាប់អ្នក។​

មានវិធីជាច្រើនសំរាប់ធ្វើការពន្យារកំណើត។ ខាងក្រោមនេះ គឺជាវីធីមួយចំនួន ដែលអ្នកអាច ជ្រើសរើសបាន តែអ្នកត្រូវតែជួប​ពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក បន្ថែមទើបជាការប្រសើរ។​

១-ស្រោមអនាម័យ និង វិធីប្រើប្រាស់
ការប្រើស្រោមអនាម័យរបស់បុរស គឺ ជាវិធីមួយក្នុងការពន្យារកំណើត ហើយស្រោមអនាម័យ ត្រូវបាន​ប្រើដោយពាក់ពីលើ​លិង្គ​​របស់​​បុរសនៅ​ពេល​ដែល​លិង្គ​របស់​គេ​កំពុង​ឡើង​រឹង ​ដើម្បី​ ធ្វើការ​រួមភេទ។ ស្រោមអនាម័យ មានអត្ថប្រយោជន៍ជាច្រើន​សំរាប់​ការពារអ្នក កុំអោយឆ្លង​ ជំងឺអេដស៍និង កាមរោគនិង ការពារកុំអោយមានផ្ទៃពោះ ហើយវាក៏មានតំលៃថោក
សមរម្យ​និងងាយ​ស្រួលរកបាននៅ​គ្រប់ទីកន្លែង។ សំរាប់វិធីពាក់ រឺ របៀបប្រើប្រាស់ ស្រោម​អនាម័យសូមភ្ជាប់ទៅនឹងវិបសាយ៖ ​http://www.klahan.com/condom.php។ ស្រោមអនាម័យមានផលប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់។ វាមើលទៅហាក់បី​ដូចជា ពិបាក ក្នុងការ​អនុវត្ដន៍ ប៉ុន្ដែងាយស្រួលបំផុតបើអ្នកគ្រាន់តែធ្វើដូចខាង​ក្រោមៈ​​

  • ត្រួតពិនិត្យមើលកាលបរិច្ឆេទ រឺ ថ្ងៃផុតកំណត់។ ប្រសិនបើស្រោមអនាម័យនោះផុតថ្ងៃ​កំណត់ អ្នកដាច់ខាត់​មិនត្រូវ​ប្រើវាឡើយ។​​
  • ស្រោមអនាម័យនីមួយៗ គឺអាចប្រើបានតែម្ដងគត់!ប្រសិន បើអ្នកមានការរួមភេទលើស ពី១ម្ដង​ក្នុងមួយយប់ រឺ​
    មួយថ្ងៃ​សូមដាក់ស្រោមអនាម័យជាប់ខ្លួនអោយបានច្រើន។​​
  • អ្នកត្រូវប្រាកដថា ស្រោមអនាម័យដែលអ្នកប្រើគ្មានការដាច់ធ្លាយ ផុតថ្ងៃកំណត់ រឺ រហែក បើមិនដូច្នេះទេ អ្នកអាច​ប្រឈមមុខនឹងការឆ្លងជំងឺកាមរោគបានដដែល។​​
  • បន្ទាប់ពីការបញ្ចោញទឹកកាមរួចហើយ អ្នកត្រូវដោះស្រោមអនាម័យចេញដោយប្រុង​ប្រយ័ត្នកុំអោយទឹកកាមហូរចេញ​ពីស្រោម បន្ទាប់មកត្រូវបោះចោលក្នុងធុងសំរាម និង លាង​ដៃអោយបាន​ស្អាតជាមួយនឹងសាបូ។​​ ​

២-ថ្នាំលេបពន្យារកំណើតៈ
ថ្នាំលេបពន្យារកំណើត ក៏ជាវិធីមួយក្នុងការ ការពារកុំអោយមានគភ៌ និង វាជាថ្នាំដែលលេបជា ប្រចាំរៀងរាល់ថ្ងៃ។ ថ្នាំនេះ មាន​ប្រភេទអ័រម៉ូនម៉្យាង​ឈ្មោះ អឺសត្រូហ្សែន(estrogen) និង ប្រូដ្យិសស្ដេរ៉ូន(progesterone) ​ដែលមាន​តួនាទីម៉្យាង​ក្នុងការ​ការពារកុំអោយស្ដ្រីមាន ​ផ្ទៃពោះបាន។​

វិធីប្រើប្រាស់ និង អត្ថប្រយោជន៍នៃថ្នាំលេំបពន្យារកំណើត

  • ថ្នាំលេបពន្យារកំណើត ត្រូវលេបមួយថ្ងៃមួយគ្រាប់ ជាប្រចាំរៀងរាល់​ថ្ងៃ និង អោយបានទៀងពេលវេលា ទៅ​តាម​សញ្ញា​ព្រួញចាប់តាំងពីពេលមានឈាមរដូវ(សូមអាន​របៀបប្រើប្រាស់អោយ​បានត្រឹមត្រូវ និង ពិគ្រោះជាមួយវេជ្ជបណ្ឌិត
  • ប្រសិនបើអ្នកភ្លេចលេបថ្នាំមួយគ្រាប់ បើនឹកឃើញពេលណា សូមលេប១គ្រាប់ឡើងវិញ ភ្លាម និង លេប១គ្រាប់​ទៀត នៅ​ថ្ងៃបន្ទាប់ដូចសព្វដង
  • ប្រសិនបើអ្នកភ្លេចលេបទៅដល់ពីរថ្ងៃ ត្រូវលេបម្ដងពីរគ្រាប់ភ្លាមនៅពេលដែលនឹក​ ឃើញ និង ១ម្ដងពីរគ្រាប់ទៀត នៅ​ថ្ងៃបន្ទាប់ដែលត្រូវពេលលេបធម្មតា
  • ប្រសិនបើអ្នកភ្លេចលេបទៅដល់បីថ្ងៃ អ្នកមិនអាចលេប៣គ្រាប់ឡើយ អ្នកចាំបាច់ត្រូវ ប្រើស្រោម អនាម័យជំនួសវិញ
  • ថ្នាំលេបពន្យារ​កំណើតនេះ ពេលខ្លះអាចជួយបន្ថយនូវភាពស្លេកស្លាំង​
  • ថ្នាំលេបពន្យារកំណើត អាចជួយកាត់បន្ថយភាពឈឺចាប់នៅពេលមានមកឈាមរដូវ

ភាពរំខាននៃការប្រើថ្នាំលេបៈ​មាននារី និង ស្ដ្រីមួយចំនួន ធ្លាប់បានជួបប្រទះនូវផលវិបាក ​ខ្លះៗដូចខាងក្រោមៈ​

  • អាចមករដូវមិនទៀងទាត់
  • វិលមុខធីងធោង
  • ឡើងទម្ងន់​
  • ដោះឡើងតឹង រឺ ឈឺដោះ
  • ឈឺក្បាលតិចៗ​
  • ក្អួតចង្អោរ

ភាពរំខាននៃការប្រើថ្នាំលេបនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ហើយនឹងបាត់​ទៅ វិញនៅ​ខែបន្ទាប់ៗ។ តែត្រូវចងចាំ​ថាថ្នាំលេំបពន្យារកំណើតនេះ មិនអាចការពារ​អ្នកពីការឆ្លង ​ជំងឺអេដស៍ និង កាម​រោគបានឡើយ។

៣-ថ្នាំចាក់ពន្យារកំណើតៈ ​
គីជាជាវិធីមួយដែរក្នុងពន្យារកំណើត ដែលផ្សំ​ដោយ អ័រម៉ូន ​ប្រូដ្យិសស្ដេរ៉ូន។ ថ្នាំចាក់នេះជា​ទូទៅ គេចាក់នៅលើដើមដៃ និងនៅលើត្រគាក​នៅរៀង​រាល់ ៣ខែម្ដង ដើម្បីការពារកុំអោយស្ដ្រីមានលទ្ធភាព​ក្នុងការមាន​ផ្ទៃពោះ។ ប្រសិនបើបានចាក់ថ្នាំ​ ហើយ សូមកុំភ្លេច​ទៅចាក់ម្ដងទៀត​នៅ៣ខែក្រោយ។ ​​

ភាពរំខាននៃការចាក់ថ្នាំៈ​មានស្ដ្រីមួយចំនួន​កត់សំគាល់ឃើញថា នៅពេលដែលគាត់បាន ទទួលការចាក់ថ្នាំ គឺមានការ​រំខាន​មួយចំនួនបានកើតឡើង​ដូចជាៈ​

  • ការមករដូវយឺតយ៉ាវបន្ដិចបន្ទួច​​
  • ដោះឡើងតឹង រឺ​ឈឺដោះ​
  • ឈឺក្បាលតិចៗ​ ​ ​

ភាពរំខាននៃការប្រើថ្នាំចាក់នេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ហើយនឹងបាត់ទៅ​វិញ ​នៅ​ខែ​បន្ទាប់ៗ។ តែត្រូវចងចាំថា ​ថ្នាំចាក់ពន្យារ​កំណើតនេះ មិនអាចការពារអ្នក ពីការឆ្លង​ជំងឺ​ អេដស៍ និង កាម​រោគបានឡើយ។ ​​

៤-ថ្នាំលេបពន្យារកំណើតបន្ទាន់ៈ គឺជាថ្នាំគ្រាប់ពន្យារកំណើតដែលស្ដ្រីលេប នៅពេលដែល មាន​ការរួមភេទដោយមិនបាន​ប្រើប្រាស់ស្រោមអនាម័យ រឺ ស្រោមអនាម័យរហែក រឺ ក៏ត្រូវបាន គេចាប់រំលោភ និង ត្រូវគេបង្ខំ​អោយរួមភេទ។​​

វិធីប្រើប្រាស់ថ្នាំពន្យារកំណើតបន្ទាន់

  • ថ្នាំំព់ន្យារកំណើតបន្ទាន់ អាចមានប្រសិទ្ធិភាពបាន លុះត្រាតែលេបបន្ទាប់ពី មានការរួម​ភេទមិន​អោយលើសពី៧២ម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំនេះមិនជួយការពារ​អ្នកពីការឆ្លងជំងឺអេដស៍ និង កាមរោគដទៃបានឡើយ។​​
  • ត្រូវចងចាំថានេះ គឺជាថ្នាំំព់ន្យារកំណើតបន្ទាន់តែប៉ុណ្ណោះ។ ដូច្នេះហើយ អ្នកមិនអាច​យកវិធីនេះមកប្រើប្រាស់ជា
    ប្រចាំ​ក្នុងរយៈពេលយូរអង្វែងបានឡើយ។
​ ​ ​
អ្នកចាំបាច់ត្រូវទៅជួប​ពិគ្រោះ ជាមួយ វេជ្ជបណ្ឌិត​របស់អ្នក ទើបជាកា​រ​ល្អ

 

 
   
  រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺសំរាប់ជាព័តមានអប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និង រោគវិនិច្ឆ័យ ផ្សេងៗទៀត​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ អង្គការ​ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2009 Friends-International, Inc. All rights reserved.