សំនួ និង​ចំលើយ
 
 
* ការពន្យាកំណើត
* ប្រភេទនៃការពន្យាកំណើត
* តើរួមភេទពេលណា
ទើបគ្មានផ្ទៃពោះ
* ពិគ្រោះការពន្យាកំណើត
* ការភ័ន្តច្រឡំ
នៃការពន្យាកំណើត
* ប្រើស្រោមអនាម័យឬទេ?
* សំនួរ និងចំលើយ

សំនួរទី១៖ ​ តើនៅពេលណា ដែលជាពេលសមរម្យសំរាប់គូស្វាមីភរិយាសំរេចចិត្ត
អោយមានផ្ទៃពោះ?​
ចំលើយៈ​ មុនពេលដែលគូស្វាមីភរិយាសំរេចចិត្ដចង់បានកូន គូស្វាមីភរិយានោះ​ គួរតែគិត អោយ​​បានដិតដល់​ ពីកត្ដាមួយចំនួន​ដែលធានាថា ពួកគេត្រូវបីបាច់ថែរក្សាកូននោះបាន។ ដូច្នេះគូស្វាមីភរិយាគួរតែ ៖

  • មានសមត្ថភាព ក្នុងការផ្គត់ផ្គង់គ្រួសារខ្លួនឯងបាន​​
  • ត្រូវត្រៀមជាស្រេច សំរាប់ការមានផ្ទៃពោះ​
  • មានចំណេះដឹងគ្រប់គ្រាន់ អំពីការមានផ្ទៃពោះ និង មានការទទួលខុសត្រូវ សំរាប់​មើល បីបាច់​ថែរក្សាកូននោះ និង​ក្រុមគ្រួសារទាំងមូល​
  • ពិនិត្យមើលឈាមដើម្បីបញ្ចាក់ថាអ្នកទាំងពីរគ្មានផ្ទុកមេរោគអេដស៍ និង កាមរោគ។
    សំរាប់ការផ្ដល់ប្រឹក្សា និង​ពិនិត្យឈាមរកមេរោគអេដស៏ ដោយស្មគ្រ័ចិត្ដ និង រក្សាការ​
    សំងាត់ សូមទំនាក់ទំនងមក ​វិទ្យាស្ថានជាតិប៉ាស្ទ័រទីតាំងជាប់មន្ទីរ ពេទ្យកាល់ម៉ែត ស្ថិតនៅ​សង្កាត់​ស្រះចក ខ័ណ្ឌ​ដូនពេញ​ក្រុងភ្នំពេញ។ សូមមើលទៅលើគេហទំព័រ http://www.klahan.com/gettested.phpសំរាប់ទីកន្លែងដទៃទៀតក្នុងការ​ផ្ដល់ប្រឹក្សា
    និង ពិនិត្យ​ឈាមរក​មេរោគអេដស៏​ដោយស្មគ្រ័ចិត្ដ និង រក្សាការសំងាត់។​​

សំនួរទី២៖ តើហេតុអ្វី​ការពន្យារកំណើត មានសារៈសំខាន់សំរាប់យុវវ័យ?​
ចំលើយ៖ ជាការពិត​ណាស់ ការពន្យារកំណើត​មានសារៈសំខាន់សំរាប់យុវវ័យពីព្រោះ ៖​

  • ស្ដ្រីមានផ្ទៃពោះនៅក្មេងពេក អាចជួបប្រទះនឹងការរលូតកូន​​
  • មានការលំបាក នៅពេលសំរាលកូន ដោយសារម្ដាយនៅក្មេងពេក​​
  • ប្រសិនបើមិនអាចសំរាលកូនបាន ចាំបាច់ត្រូវធ្វើការវះកាត់ ហើយការវះកាត់
    ត្រូវ​ការចំណាយប្រាក់ច្រើន និង​ពេលខ្លះ​អាចមានគ្រោះថ្នាក់ដល់ជីវិត​
  • ប្រហែលជាមិនអាចបន្ដការសិក្សាបាន ប្រសិនបើមានផ្ទៃពោះឋិតនៅក្នុងវ័យសិក្សា​
  • គ្មានលទ្ធភាពក្នុងការមើលថែរក្សាកូន ហើយពេលខ្លះអាចធ្វើអោយមាន​ការប៉ះពាល់​ដល់​កិត្ដិយសគ្រួសារ​ប្រសិនបើមាន ផ្ទៃពោះមុនពេលរៀបការ។ បន្ថែមពីនេះ ការមាន​ផ្ទៃពោះ​បែបនេះ អាចឈានទៅដល់ ការរំលូត​កូន(យកកូនចេញ)ដោយ​គ្មានសុវត្ថិភាព និង ជាប្រការ​មួយនាំអោយមាន ​គ្រោះថ្នាក់បំផុត​​

សំនួរទី៣៖ តើស្ដ្រីគួរតែត្រូវធ្វើយ៉ាងណា ដើម្បីបង្ការ​ការមានផ្ទៃពោះដោយមិនចង់បាន?​
ចំលើយ៖​ ដើម្បីបង្ការ​ការមានផ្ទៃពោះដោយមិនចង់បាន អ្នកនិងដៃគូរបស់អ្នកគួរតែៈ​​

  • មានការយល់ដឹងអំពីការមានផ្ទៃពោះ​​
  • ប្រសិនបើអ្នកពិតជាចង់ធ្វើការរួមភេទ សូមប្រើប្រាស់វិធីពន្យារកំណើតអោយបាន
    ត្រឹមត្រូវ​ ដូចជាការប្រើ ស្រោម​អនាម័យ រឺ ក៏ប្រើស្រោមអនាម័យរួមផ្សំជាមួយ​នឹង ការ​លេបថ្នាំពន្យារកំណើតផង​​
  • ត្រូវប្រើប្រាស់ថ្នាំពន្យារកំណើតបន្ទាន់ ប្រសិនបើមានការរួមភេទដោយមិនបាន​ប្រើ
    ស្រោមអនាម័យ ។ល។​​ ​

សំនួរទី៤៖ តើគួរត្រូវធ្វើយ៉ាងណាដើម្បីធានាថា ខ្ញុំនឹងមិនអាចមានផ្ទៃពោះបាន ប្រសិនបើស្រោមអនាម័យ​របស់ខ្ញុំរហែកនៅពេលដែលខ្ញុំកំពុងរួមភេទ?​
ចំលើយ៖ ​ប្រសិនបើមានការរហែក រឺ បែកស្រោមអនាម័យបែបនេះមែន អ្នកគួរតែប្រញាប់
លេប​ថ្នាំពន្យារ​កំណើតបន្ទាន់ មិនអោយលើសពី៧២ម៉ោង បន្ទាប់ពីអ្នកមានការរួមភេទ ជាងនេះទៅ​ទៀត​លេប​ កាន់តែឆាប់កាន់តែល្អ។​​

សំនួរទី៥៖ តើស្ដ្រីគួរមាន​ផ្ទៃពោះ រឺ មានកូននៅអាយុប៉ុន្មាន?​
ចំលើយ
៖ ​ស្ដ្រីចាំបាច់​់ យ៉ាងហោយណាស់ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយយ៉ាងច្រើន បំផុត​នៅអាយុ៣៥ឆ្នាំ។ ប្រសិន​បើមាន​កូននៅអាយុក្រោម ១៨ឆ្នាំ និង លើសពី ៣៥ឆ្នាំ ការសំរាលកូន​នឹងជួបការលំបាកជាច្រើន ​ដូចជា ត្រូវ​ការវះ​កាត់ជាដើម។​

សំនួរទី៦៖ ឪពុក​ម្ដាយរបស់​ខ្ញុំនិយាយថា ស្ដ្រីដែលលេបថ្នាំពន្យារកំណើ​ត គឺជាស្រីខូច រឺ​ស្ដ្រី​រកស៊ីផ្លូវភេទ។ តើនេះត្រឹមត្រូវដែរ រឺ​ទេ?​
ចំលើយ៖ ជាទូទៅអ្នកដែលរិះគន់ រឺ ក៏តិទៀនបែបនេះ ភាគច្រើនគឺជាមនុស្សមិនបានស្វែង
យល់អោយបាន​ច្បាស់ នូវអ្វីទៅ​ជាការ​លេបថ្នាំពន្យារកំណើត។ ឪពុកម្ដាយរបស់យើងជា អ្នកជំនាន់មុន ដែលខុសពី​ជំនាន់យើង ដូច្នេះពួកគាត់មួយ​ចំនួន មិនបាន​ទទួល​ការយល់ដឹង អោយបានច្បាស់ដូចយើងជំនាន់ឡើយ។ Dr. Love តែងតែអោយ យោបល់​អោយមាន​ការ ពិភាក្សា​ជាមួយ​ពួក​គាត់ និង ដៃ​គូ​របស់អ្នកអោយបានច្បាស់ ហើយព្យាយាមពន្យល់គាត់ថា ការលេប​ថ្នាំពន្យារកំណើត​មិនមែន​មាន​ន័យថាស្ដ្រីនោះ គឺជាស្ដ្រីរកស៊ីផ្លូវភេទឡើយ។ ជាទូទៅស្ដ្រីដែលជ្រើសរើសយកវិធីពន្យារ​កំណើត​បែបនេះ មកពីគេ​ដឹង​ថា ការ​លេបថ្នាំសំរាប់ ពន្យារកំណើតនេះ មានប្រសិទ្ធិភាពល្អសំរាប់គេ។ សូមចងចាំថា វិធី​ការពារកំណើតដែល​ទុក ចិត្ដបំផុតនោះ គឺការ​ប្រើស្រោមអនាម័យផង និង ការលេបថ្នាំ​ពន្យារកំណើតផងក្នុង​ពេលតែ មួយ មុន​ពេលមានការរួមភេទ។​ សូមជួមពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​សំរាប់ព័ត៌មានបន្ថែម។​​

សំនួរទី៧៖ តើខ្ញុំគួរធ្វើយ៉ាងណា ប្រសិនបើខ្ញុំមានការយឺតយ៉ាវក្នុងការលេប
ថ្នាំពន្យារកំណើត?​

ចំលើយ៖ ​ប្រសិនបើអ្នកលេបថ្នាំពន្យារកំណើតយឺតលើសពី ៧២ម៉ោង នោះ​ថ្នាំពន្យារកំណើត ​របស់អ្នកលែងមាន ​ប្រសិទ្ធិភាព១០០%ទៀតហើយ។ ដូច្នេះហើយអ្នកចាំបាច់ត្រូវប្រើស្រោម ​អនាម័យ​ប្រសិនបើអ្នកមានការរួមភេទ។

 
   
  រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺសំរាប់ជាព័តមានអប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និង រោគវិនិច្ឆ័យ ផ្សេងៗទៀត​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ អង្គការ​ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2009 Friends-International, Inc. All rights reserved.