www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
របៀបត្រៀម​ខ្លួន​របស់​ស្ត្រី​មុន​ពេល​ទៅ​ជួប​គ្រូពេទ្យ

នៅ​ពេល​ដែល​និយាយ​ទៅ​ដល់ការទៅជួបគ្រូពេទ្យ​ ខាង​ផ្នែក​រោគស្ត្រី​ សុភានារី​មួយ​ចំនួន​នឹង​គ្រវី​ក្បាល​ ហើយ​ស្រែក​ប្រកែក​ថា​មិន​ទៅ​ទេ​ ខ្មាស​ពេទ្យ​ណាស់​! ខ្លាចណាស់!។ តាមពិត​គ្មាន​អ្វី​គួរ ឲ្យ ខ្មាសអៀន​ទេ ព្រោះ​ការធ្វើ​បែប​នេះ​ ដើម្បី​តែ​សុខភាព​លោក​ស្រី​អ្នកនាង​កញ្ញា​តែ​ប៉ុណ្ណោះ​។ ​បើ​ខ្លាច​ការឈីចាប់ ឬក៏​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការ​ពិនិត្យ​នោះ​បាន មិន​ថ្វីទេ​ សូម​ក្លាហាន​ឡើង​ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​។ ម្យ៉ាង​ទៀត​គ្រូពេទ្យ​ដែល​ពិនិត្យ​សុទ្ធ​តែ​មានសីលធម៌​ និងវិជ្ជាជីវៈ​ពិត​ប្រាកដ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​។  

តើត្រូវទៅជួប​គ្រូពេទ្យ​ពេលណា​?
មាន​មូល​ហេតុ​ពីរ​ដែល​គួរ​ទៅ​ត្រួត​ពិនិត្យ​សុខភាព​របស់​លោកស្រី​​ អ្នកនាង​កញ្ញា គឺ​ការ​ទៅ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ និងការ​ពីនិត្យ​រក​មើល​ជម្ងឺ​មហារីក។​ ចំពោះ​ស្ត្រី​ដែល​រៀបការ​ហើយ​ គួរពិនិត្យ​រក​មើល​ជម្ងឺ​មហារីក​ជារៀង​រាល់​ឆ្នាំ។ មានស្ត្រី​មួយ​ចំនួន​គ្រូពេទ្យ​អាច​ធ្វើ​ការ​ណាត់​ជួប​ក្នុង​រយៈពេល​ ៣ ឬ​៦​ខែ​ម្តង។ នៅ​មាត់​ស្បួន​អាច​មាន​ការ​រលាក​រ៉ាំរៃ​ ឬ​សង្ស័យ​ថា​មាន​កោ​សិការ​ខុស​ប្រក្រតី កើត​ឡើង។​ នៅ​ពេល​មាន​អាយុ​ពី​៤០​ឆ្នាំ​ទៅ​៤៥​ឆ្នាំ​ ស្ត្រី​គប្បី​ទៅ​ពិនិត្យ​រក​ជម្ងឺ​មហារីក​មាត់ស្បូន​ ព្រោះ​ជម្ងឺ​នេះ​អាច​ព្យាបាល​ជា​សះ​ស្បើយ​ នៅពេលណាដែលរក​​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង។ ជា​ពិសេស​នៅ​ពេល​ដែល​មាន​អាការ​ដូច​ជា​ធ្លាក់​ស​ខ្លាំង​ មាន​ក្លិន​ស្អុយ​ មាន​ឈាម​ចេញ​ខុស​ប្រក្រតី មាន​រដូវ​លើស​ពី​៧​ថ្ងៃ ឬ​មានរបួស​នៅអវយវៈ​ភេទ​ជា​ដើម​ ស្ត្រីទៅ​រក​គ្រូពេទ្យ​។

ការ​ត្រៀមលក្ខណៈ​មុន​ពេល​ជួប​គ្រូពេទ្យ​
ជា​ធម្មតា​ នរណា​ក៏​ដូច​នរណាដែរ តែង​តើ​មាន​អារម្មណ៍​មិន​ល្អ​ នៅ​ពេល​ដែល​ត្រូវ​ ឲ្យ​នរណា​ម្នាក់​ឃើញ​ពី​អវយវៈ​ភេទ​របស់​ខ្លួន ​ដែល​ខិត​ខំ​ហួង​ហែង​លាក់​បាំង ​អស់​រយៈ​ពេល​ជា​យូរ​មកហើយ​​នោះ​។​សូម្បី​តែ​នៅ​ពេល​ដែល​មាន​ការ​រួម​ភេទ​លើក​ដំបូង ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក៏​ដោយ កុំ​ថា​ឡើយទៅឲ្យ​គ្រូពេទ្យ​ពិនិត្យ​។ ដូចនេះ​សុភាព​នារី​ទាំង​អស់​ត្រូវ​កាត់​កេរ្តិ៍​កាត់​ខ្មាសទៅ​ឲ្យ​គ្រូពេទ្យ​​ពិនិត្យ​ដើម្បី​សុខភាព។ ​បើ​គ្រូ​ពេទ្យ​នោះ​ជា​ស្ត្រី​ដូចគ្នា​ប្រហែល​ជា​ការ​អៀន​ខ្មាស់​អាច​កាត់​បន្ថយ​​បាន​ខ្លះ​ ផ្ទុយទៅវិញ​បើ​គ្រូពេទ្យ​ជា​បុរស​នោះ​ប្រាកដ​ជាមិន​អាច​បរិយាយពីអារម្ម​បានទេ​។​ ត​ទៅនេះ​ គឺ​ជា​ប្រការគួរត្រៀម​ខ្លួន​មួយចំនួន​សម្រាប់​ស្ត្រី​ មុនពេល​ទៅ​ជួប​គ្រូ​ពេទ្យ។ ៖

  1. ការត្រៀម​ចិត្ត​៖ កុំ​ខ្មាស​ឲ្យសោះ ត្រូវ​ប្រកាន់​ទស្សនៈ​ថា​មុខក្រាស់​ដើម្បី​សុខភាព ហើយ​គ្រូពេទ្យ​ ក៏​មាន​ក្រម​សីលធម៌​ច្បាស់​លាស់​ មិន​អាច​ធ្វើ​អ្វី​បំពាន​ទៅ​លើ​អ្នក​ជម្ងឺ​បាន​ទេ​។
  2. បន្ទោរ​បង់​ឲ្យ​បាន​រួច​រាល់​៖ សុភាព​នារី​ទាំង​អស់​ត្រូវ​បន្ទោរបង់​តូច ឬ​​ធំ​​ឲ្យ​រួច​រាល់ ដើម្បី​​កុំ​​ឲ្យមាន​​ការ​​រំខាន​​ដល់​​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​។
  3. ការចងចាំ៖​ គ្រប់ស្ត្រី​ទាំងអស់​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​ ចាំបាច់​ត្រូវ​ចង​ចាំ​ពី​ស្ថានភាព​រដូវ​របស់​ខ្លួន ដូចជា​មានការ​ឈឺចាប់​ឬ​អត់  រដូវ​មក​តិច​ឬ​ច្រើន​ ទៀងទាត់​ឬ​អត់​ រដូវ​ចុង​ក្រោយ​នៅ​ពេលណា​  មាន​ធ្លាក់​ស​ឬ​ទេ ធ្លាប់​រលូត​ឬ​រំលូតកូនឬទេ សម្រាល​ដោយ​វះ​កាត់​ ឬ​តាម​ធម្មតា​ជា​ដើម​។ ជា​ពិេសស​ទៅ​ទៀត​នោះ បើ​មាន​ឯកសារ​ពិនិត្យ​ និង​ប្រវត្តិ​ជម្ងឺ​ពី​មុន​មក ត្រូវ​ប្រមូលទៅ​ជាមួយ​ដើម្បី​ងាយ​ស្រួល​ធ្វើ​រោគ​វិនិច្ឆ័យ។
  4. ផ្អាក​៖ ដើម្បី​ឲ្យ​លទ្ធផល​ពិនិត្យ​ល្អ និង​ច្បាស់​លាស់​ គួរគប្បី​ផ្អាក​ការ​រួម​ភេទ​យ៉ាង​ហោច​ណាស់​ក៏​មួយ​យប់​មុន​ពេល​ទៅ​ជួប​គ្រូ​ពេទ្យ​ ហើយ​ក៏​មិនត្រូវ​ប្រើ​ថ្នាំ​សុល ឬស៊ក​​ថ្នាំ​​អ្វី​​ផេ្សង​ ទៅ​ក្នុង​ទ្វារ​មាស​ក្នុង​រយៈពេល​បីថ្ងៃ​មុន​ពិនិត្យ​ ព្រោះ​អាចធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​ពិនិត្យ​ថ្លោះ​ធ្លោយ​ មិនចំទិស​ដៅ​ និង​មិន​ច្បាស់​លាស់។
  5. សម្លៀក​បំពាក់៖ គ្រប់ស្ត្រី​ទាំងអស់ នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​គប្បី​ស្លៀក​សំពត់​ប្រសើរ​ជាង​ស្លៀកខោ​ ព្រោះ​អាច​បង្ក​ការ​ងាយ​ស្រួល​ដល់​ការពិនិត្យ​។ ជាងនេះ​ទៅ​ទៀត​ត្រូវ​ធ្វើ​អ​នា​ម័យ​ឲ្យ​ស្អាត​បាត​ត្រឹមត្រូវ​ ចៀស​វាង​នាំ​ក្លិន​មិន​ល្អ​ទៅ​ជួប​គ្រូពេទ្យ។

ចំណុច​ដែល​លើក​មក​ជម្រាប​ជូន​ខាង​លើ​នេះ​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹងក្លាយជា ជំនួយផ្នែកស្មារតី​ដល់​សុភាព​នារី​​ទាំង​ឡាយ​ ក្នុងការទៅ​រក​គូរពេទ្យរោគ​ស្ត្រី និង​ប្រការ​គួរ​យល់​ដឹង​មួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ថែ​រក្សា​សុខភាព។

 (​ដក​ស្រង់​ចេញ​ពី​ទស្សនា​វដ្តី​សុខភាព​យើងលេខ០២២)

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.