Dr. Love ផ្តល់បទសំភាស​ដល់សារព័តិមាន​Lift

បើសិនជា​អ្នកជាយុវវ័យ អ្នកប្រហែលជា​បាន​ស្គាល់Dr.Love​រួច​ហើយ។​ តែប្រសិនធ្លាប់ទេ ​អ្នក​គួរ​តែ។ តើ​អ្នក​ស្គាល់ទេ​ ថាតើ​គាត់​ជា​អ្នកណា?
វន មករា ទាមទារ​និយាយ​ជាមួយ​Dr. Love ហើយ​​នាំ​យើងទៅ​យល់ដឹង​ពីបញ្ហា​សុខភាព​ផ្លូវភេទ​

Dr. Love

តើ​អ្នក​ស្គាល់​ទេ​ថា​តើអ្នកណាគឺជាលោក​បណ្ឌិតឡាវ(Dr.Love)? បើសិន​ជា​អ្នក​មិន​ស្គាល់​ពាក្យ​នេះ​ទេ លោកអ្នក​អាច​ចូល​ទៅ​កាន់គេហទំព័រ​មួយនេះ គឺ​www.healthandlove.org បន្ទាប់​មកចុចនៅ​ចំ​ពាក្យ​Dr.Love នោះ​អ្នក​នឹងទទួល​បាន​នូវ​ដំបូន្មាន ឬក៏ដំណោះ​ស្រាយ​អំពីសុខភាព និងបញ្ហា​ស្នេហា​ជាក់​ជា​មិន​ខាន។

Dr. Love គឺ​​ជា​ផ្នែក​មួយនៃ​​គេហទំព័សុខភាពនិង​ស្នេហា(www.healthandlove.org) ​ដែល​ជាកម្មសិទ្ធ​របស់​អង្គការ Friends-International ដែលមានការចូលរួមពីក្រុម​អ្នកជំនាញ​​ជាច្រើននាក់ ដែលមានជំនាញខាង​សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ ក្រុមនេះ នឹង​ធ្វើ​ការ​ឆ្លើយ​សំណួរ​ដល់​​អ្នក​ចូលទៅទស្សនាទាំងឡាយនៅលើ​គេហទំព័រនោះ​ទៀត​ផង។ គោលគំនិត​របស់ Dr. Love គឺផ្តល់​ព័តិមាន​អប់រំ​ដែល​ទាក់ទង​ទៅនឹង​ការថែទាំ​សុខភាព​ផ្លូវភេទ និង​សុវត្ថិភាពសុខភាព ចំពោះ​យុវវ័យ និងកុមារ ដើម្បីជៀសវាងពី​ជំងឺ​អេសដ៏ ជំងឺកាមរោគ និង​ថ្នាំញៀន​ដែល​ប៉ះពាល់​ដល់​សុខភាព។ មនុស្សទាំងអស់​អាចសួរសំនួររបស់ខ្លួននៅ​លើ​គេហទំព័រ ហើយ​ពួកគេ​នឹង​ទទួល​បាន​ចម្លើយ​នៅ៣ ឬ៤​ថ្ងៃ​បន្ទាប់។

លោក សុខ សាគឿន

លោក សុខ សាគឿន ជាមន្ត្រីផ្នែកទំនាក់ទំនង ទទួលបន្ទុកគំរោង​សុខភាព និង​ស្នេហា ដែល​បានបញ្ចប់​ថ្នាក់បរិញ្ញប័ត្រ ផ្នែកព័តិមាន​វិទ្យ​ ហើយទទួលខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ និង​ចម្លើយ​ដែល​ត្រូវបានសួរនៅលើ​គេហទំព័រ Dr. Love។ ទោះបីជាគាត់មិនដែល​មានបទ​ពិសោធ​អំពី​បញ្ហាសុខភាពពីមុន​មក​ក៏ដោយ ក៏ប៉ុន្តែគាត់​បានទទួលការបណ្តុះបណ្តាល វគ្គសុខភាពផ្លូវភេទ ថ្នាំញៀន ដោយក្រុមអ្នកជំនាញ​ពី​អង្គការFriends-International​ផងដែរ។

មុនពេលដែលសំណួរត្រូវបានឆ្លើយ លោក​សាគឿន តែងផ្ញើ​សំណួរ​ទាំង​នោះ​ទៅ​ក្រុម​អ្នកជំនាញ ដូចជាអង្គការ​Marie Stopes Cambodia គ្លីនិកសមាគម​រ៉ាក់ អង្គការ Pharmaciens sans Frontiere ដែល​ជាដែគូររបស់Dr. Love។

ពាក់ព័ន្ធទៅនឹងឹ​បញ្ហា​នេះ លោក​សាគឿនបានឲ្យ​ដឹង​ថា៖ "បើសិន​ជាខ្ញុំ​ទទួល​បាន​សំណួរ​ថ្មីៗ ខ្ញុំ​នឹងផ្ញើទៅ​អ្នក​ជំនាញ​ការ។ ឧទាហរណ៍៖ បើ​សំណួរ​ទាក់ទងទៅនឹងស្នេហា ខ្ញុំនឹង​ផ្ញើ​ទៅ​អ្នក​ជំនាញ​សុខភាពផ្លូវចិត្ត ប៉ុន្តែ​បើសិន​ជា​វា​គឺ​ជា​ការរំលូត​កូន ខ្ញុំនឹង​ផ្ញើទៅ អ្នកជំនាញខាងសុខភាព​ផ្លូវភេទ ដូចជាគ្លីនិកMarie stopes​ជាដើម"។ លោកបន្ថែមទៀតថា​៖ បើសិនជាគាត់​ទទួលបានសំណួរ​ដដែលៗ គាត់នឹង​ឆ្លើយតប​សំណួរនោះ​ដោយ​ខ្លួន​គាត់​ផ្ទាល់។ ដោយគាត់មិនចាំ​បាច់​ផ្ញើ​ទៅ​អ្នកជំនាញទៀតឡើយ ដោយយោង​ទៅតាម​កា​រយល់​ដឹង និង​ចំណេះដឹង រួម​ទាំងចម្លើយ​ដែលគាត់ធ្លាប់​មាន​ស្រាប់។ ជាងនេះ​ទៅ​ទៀត គាត់នឹង បង្កើត​អត្ថបទ​ថ្មីៗ ដោយយោងទៅតាមសំណួរ​ណា​ដែលត្រូវបានសាធារណៈជនសួរដ​ដែល និងច្រើន​ជាងគេ ដើម្បី​ដាក់​នៅលើគេហទំព័រតែម្តង។

ដើម្បីពង្រឹង​ចំណេះដឹង​ដល់​បុគ្គលិកអំពីបញ្ហា​សុខភាព​ អង្គការ​Friends-International តែង​តែ ផ្តល់​នូវវគ្គបណ្តុះ​បណ្តាល​ដល់​បុគ្គលិក​មុននឹងចូលបំរើការងារ។ លោក​សាគឿន បានឲ្យ​ដឹងថា៖ "បើសិនជា​ខ្ញុំមិន​ចាំមេរៀន​ដែលបានរៀន អ្នកបណ្តុះបណ្តាល នឹងផ្តល់​វគ្គបណ្តុះបណ្តាលដល់ខ្ញុំម្តងទៀត ដោយចូលសិក្សា​ជាមួយនឹងបុគ្គលិកថ្មី។

បច្ចុប្បន្ន​នេះ Dr. Love គឺមាន​ប្រជាប្រិយភាព សម្រាប់យុវវ័យ។ សរុបជាមធ្យម​ គេហទំព័រ www.healthandlove.org នេះ​ ទទួលបានអ្នកទស្សនាជាយុវវ័យ​ប្រមាណប្រហែល ៦០ ទៅ​៧០ភាគរយ ហើយ២៥​ភាគរយជាស្ត្រីដែលមាន​អាយុ​ចាប់ពី ១៦​ឆ្នាំ ទៅ២៤ឆ្នាំ ហើយ អ្នកទាំងនោះ​ប្រើប្រាស់​អ៊ីមែល ដើម្បីសួរសំណួរ ដែលសំណួរទំាង​នោះ ទាក់ទង ទៅនឹង ការពន្យាកំណើត ការរំលូតកូន ការមានផ្ទៃពោះ ជំងឺអេដស៍ និងជំងឺកាមរោគ​ជាដើម។

Dr. Love ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​ ដោយសា​រ ការស្រាវជ្រាវមួយរកឃើញថា​ យុវវ័យ​កម្ពុជា មានការ​ខ្មាស​អៀននៅពេលនិយាយអំពី​បញ្ហា​សុខភាព ដូចជា និយាយអំពី ជំងឺអេដស៏ ជំងឺកាមរោគ ឬបញ្ហាផ្សេងៗទៀត ទោះបីជាមួយ​នឹង មិត្តភ៍ក្ត្រ ឬ​ក្រុមគ្រួសាររបស់ខ្លួនក៏ដោយ។ ជាងនេះ ទៅទៀតយុវវ័យ​ ប្រើប្រាស់​ទូរស័ព្ឌ​ដែ​ផ្ទាល់ខ្លួនដែលអាច​មានលទ្ធភាព​ ក្នុងការ​ចែករំលឹក និង​ទទួលយក​ព័តិមានពីមិត្តភ័ក្ត្រ ដែលការចែករំលែក និងការទទួលយកព័តមាន​ទាំង​នេះ អាច​មាន រូបភាព ឬវីដេអូ​អាសអាភាសផងដែរ ដែលមិនមែនជាការអប់រំសុខភាពផ្លូវភេទត្រឹមត្រូវនោះឡើយ។

លោក សាគឿន បាន​ឲ្យដឹងទៀតថា៖ "ខ្ញុំ​គិតថា ការបង្កើត​គេហទំព័រពិភាក្សាអំពីសុខភាព  គឺមាន​ប្រសិទ្ធភាព​ជាង មធ្យោបាយផ្តល់ពត៌មានដទៃ​ទៀត ព្រោះខ្ញុំបាន​ពិភាក្សា​ជា​មួយ អ្នកជំនាញមុនពេលសំណួរ និងចំលើយ​ត្រូវបាន​ដាក់បង្ហាញ​ជាសាធារណៈ។ ខ្ញុំគិតថា បើសិនជាខ្ញុំឆ្លើយសំណួរតាមទូរស័ព្ឌ វាតម្រូវ​ឲ្យ​មាន​អ្នក​ជំនាញច្រើននាក់ ​ព្រោះ​ប្រធានបទ​ របស់អ្នកដែលបានសួរមក គឺខុសៗ​គ្នា"។ លោក​​បាន​បន្ថែម​ទៀត​​ថាៈ "ការ​ឆ្លើយ​សំណួរ តាម​រយៈ​ទូរស័ព្ឌ អាច​មាន​ការ​ខុស​ឆ្គង ព្រោះ​យើង​ឆ្លើយតប​ភ្លាមៗ"​

ទោះ​ជាយ៉ាងណា នៅពាក់កណ្តាលឆ្នាំនេះ Dr. Love មានគម្រោងនឹង​បង្កើត​កម្មវិធីតាម​វិទ្យុ លើប្រធាន​បទ​សុខភាព និង​ស្នេហា​នៅ​លើ​គេហទំព័រ​ ដើម្បីពង្រីកចំណេះដឹង យុវវ័យ​កម្ពុជា អំពីសុខភាព និងស្នេហា។ លោក​សាគឿន បាន​និយាយថា អ្នករាល់​គ្នា គួរស្វែងយល់ អំពី បញ្ហាសុខភាព​ឲ្យ​បានច្រើន។

ចុងបញ្ចប់លោកបានផ្តែផ្តាំថា៖ "យុវវ័យគួរតែ​ព្យាយាមស្វែងយល់អំពី​បញ្ហា​សុខភាពខ្លួនឯង។ ចូរកុំព្រងើយ​កន្តើយ ព្រោះ​សុខភាព​មិនត្រឹមតែមានសារសំខាន់​ចំពោះពួកគេផ្ទាល់នោះទេ ប៉ុន្តែ​វាក៏មាន​សារៈសំខាន់​ដល់ប្រទេសជាតិទាំងមូលផងដែរ"។ លោកបានបន្តថាៈ "យុវតី គួរតែស្វែងរក និង​ស្វែងយល់បន្ថែមអំពីសុខភាព ដោយបើចំហរ។ ចូរកុំខ្មាសអៀន!"។

សូមបញ្ចាក់ផងដែរថាៈ www.healthandlove.org គឺជាគេហទំព័រដំបូងគេ ដែលអប់រំ អំពី​សុខភាពផ្លូវភេទ ដើលបង្កើតឡើងដោយយុវវ័យកម្ពុជា សម្រាប់យុវវ័យ។ គេហទំព័រ នេះ​ជាប្រភពព័តិមាន​សំបូរបែប ដែលនិយាយអំពី សុខភាពសំរាប់បុរស សុខភាពសំរាប់​នារី​ ទំនាក់ទំនងមិត្តភាព និង​ស្នេហា  ការពន្យាកំណើត សុខភាពផ្លូវភេទ អេដស៏ និង​កាមរោគ។

 

 

ប្រភពអត្ថបទ៖
(សារព័តិមាន​Lift  ច្បាប់​ចេញ​ផ្សាយ លេខ៧១ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ )

 

Copyright © 2006- 2012 Friends-International, Inc. All rights reserved.