មណ្ឌលសំចតសម្រាប់​កុមារ និងយុវវ័យ​ងាយរងគ្រោះ​ ត្រូវ​បានសម្ភោធដាក់​ឲ្យ​ដំណើរការ​​ដោយ​អង្គការ​មិត្ត​សំឡាញ់

source: http://www.khmer79.com
ដោយ៖ ខ្មៅ រ៉ុង

World's first womb transplant planned

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១២​ ថ្មីៗ​នេះ ​អង្គ ការ​មិត្ត​សំឡាញ់​​ បាន​សម្ភោទ​ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​សំចត​ មួយ​នៅ​ក្នុង​សហគមន៍​ ភូមិ​អណ្តូង ​ សង្កាត់​គោករការ ​​នៅ​ជាយ​ក្រុង​ភ្នំពេញ​។

មណ្ឌល​សំចត​នេះ​គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​គម្រោង​ការ​ងារ​របស់​អង្គការ​មិត្ត​សំឡាញ់ ​ជាមួយ​​​កុមារ​យុវជននិង​គ្រួសារ​ក្រីក្រងាយ​រង​គ្រោះ​​​នៅ​ក្នុង​ភូមិ​អណ្តូង ​និង​ភូមិអញ្ចាញ​ជាយ​ក្រុង​ភ្នំពេញ​ ហើយ​វា​គឺ​ជា​មណ្គល​ ទីពីរ​ហើយ​របស់​អង្គការ​មិត្ត​សំឡាញ់​នៅ​ក្នុង​សហ​គមន៍ភូមិ​អណ្តូង​។

​​មណ្ឌល​សំចត​នេះគឺ​ ​ជាកន្លែង​ ដែល​កុមារ​ និង​យុវវ័យ​សហគមន៍​ អាច​ចូល​មក​ទទួល​ការ​ព្រឹក្សា រៀប​ផែន​ការ​ជីវិត ​ការ​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​បំនិន​ជីវិត​។ ​មណ្ឌល​នេះ​នឹង​ក្លាយ​ជា​ស្ពាន​តភ្ជាប់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​មួយ​នេះ​ទៅនឹង​សេវាកម្មដ៏​សំបូរ​បែប​របស់​អង្គការ​មិត្ត​សំឡាញ់ ដូចជា​មណ្ឌល​វិជ្ជាជីវ​ទាំង​៩ជំនាញ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន​ដូចជា​ ការ​ជួស​ជុល​ម៉ូតូ​ ជួស​ជុល​ឡាន ​កាត់​សក់​ ​កែសម្ផស្ស​ កាត់​ដេរ​ ​ផ្សាដែក ​និង​ជួស​ជុល​ម៉ាញ៉េ​ទូរទស្សន៍​។

គួរបញ្ជាក់​ផង​ដែរ​ថា​អង្គការ​មិត្ត​សំឡាញ់​បាន​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​ជាមួយ​សហគមន៍​ក្រីករ នេះ​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ។ ​ពោល​គឺចាប់​តាំង​ពី​ពួក​គាត់​​បាន​ផ្លាស់​ប្តូរ​ទីលំ​នៅ​ពី​សហគមន៍​​ សំណង់​អនាធិប​តេយ្យ​ (ទីតាំង​ភូមិ១៤) ​សហគមន៍​ដីក្រហម ​កាក​អំពៅ​ និង​សហគមន៍​សំបុក​ចាប ​។

ក្រោម​ការ​គាំទ្រ​របស់​សាលា​រាជធានី​ភ្នំពេញ​ អង្គការ​មិត្តសំឡាញ់​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សង្គ្រោះ​កុមារ ​និង​យុវជន​​ និង​​កសាង​អនាគត​របស់​ពួក​ឲ្យ​ក្លាយ​ជាពលរដ្ឋ​សកម្ម​របស់​ប្រទេស​​ដែល​ពួក​គេ​អាច​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​របស់​គេ​បាន​។​

កាល​ពី​ឆ្នាំ ​២០០៧ ​ក្រោម​ការ​ដឹក​នាំ​របស់​ ឯកឧត្តម ​កែប​ ជុតិមា​​ អភិបាល​រាជ​ធានី​ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ ​បាន​ផ្តល់​ជូន​នូវ​ដី​មួយ​កន្លែង​​ដល់​អង្គការ​មិត្ត​សំឡាញ់​ដើម្បី​សាង​សង់​រោង​ជាង​សិប្បកម្ម​ដោយ​ដៃ​​ដែល​អាច​​ធ្វើ​សកម្ម​ភាព​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សិប្បកម្ម​ដោយ​ដៃ ​ បង្រៀន​អក្ខរកម្ម ​និង​បំណិនជីវិត ​ដល់​យុវវ័យ ​និង​ឪពុក​ម្តាយ​គ្រួសារ​ក្រីក្រ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​បីបាច់​ ផ្គត់​ផ្គង់​ការ​សិក្សា ​និង​ការស្នាក់នៅ​របស់​កូនៗ​របស់​ពួក​គាត់​ឲ្យ​បាន​ល្អ​ប្រសើរ​។​

នា​ពេល​ថ្មីៗ​នេះ​ក្នុង​ដំណើរ​សម្ភោត​បើក​ការដ្ឋាន​សាង​សង់​ផ្សារ​ភូមិ​​អណ្តូង ​ឯកឧត្តម​អភិបាល​ ក៏បាន​ឆៀង​ចូល​មើល​សកម្ម​ភាព​ការ​ងារ​​របស់​អង្គការ​មិត្ត​សំឡាញ់​ផង​ដែរ​។ ​ឯក​ឧត្តម​ បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​សម្រាប់​សកម្ម​ភាព​ជួយ​សង្គ្រោះ​កុមារ​ យុវជន​ និង​គ្រួសារ​ក្រ​លំបាក​របស់​អង្គការ​មួយ​នេះ​។

ដើម្បី​ឆ្លើយ​តប​ទៅ​ហ្នឹង​កិច្ច​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ​ឯកឧត្តម​អភិបាល បាន​ចូល​រូម​គាំទ្រ​លើង​ទឹក​ចិត្ត ​ដោយ​បរិចាក​ជា​អំណោយ ​អង្ករ​២​តោន​ក្នុង​មួយ​ខែ​​សម្រាប់​ផ្គត់​ផ្គង់​ជា​អាហារ​ដល់​កុមារ ​និង​យុវជន​​ ៨០០​នាក់​ក្នុង​មួយ​ថ្ងៃៗ ​នៅ​ក្នុង​មណ្ឌល​អប់​រំកុមារ​តូច​ និង​មណ្ឌល​វិជ្ជា​ជីវ​យុវជន​របស់​អង្គការ​មួយ​នេះ​។ ​ឯកឧត្តម​ក៏​បាន​ផ្តល់​ជូន​ទឹក​ប្រាក់​ចំនួន​១​លាន​រៀល​ដល់​អង្គការ​មិត្ត​សំឡាញ់​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​ផង​ដែរ​។

​នាយិការ​អង្គការ​មិត្ត​សំឡាញ់​លោក​ស្រី មប់ ​សូម៉ាយ៉ា ​មាន​ប្រសាសន៍​ថា ​«ជួស​មុខ​ឲ្យ​កុមារ​ យុវវ័យ ​និង​បុគ្គលិក​ របស់​អង្គការ​មិត្ត​សំឡាញ់​ទាំង​អស់ ​លោក​ស្រី​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាល​ជ្រៅ​បំផុត​ជូន​ឯក​ឧត្តម​អភិបាល​រាជ​ធានី​ភ្នំ​ពេញ ​ព្រម​ទាំង​មន្ត្រី ​សាលា​រាជ​ធានី​ភ្នំពេញ​គ្រប់​ជាន់​ថ្នាក់​សម្រាប់​ការ​គាំទ្រ ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​ទាំង​ឡាយ។​លោក​ស្រី​ក៏​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​ម្ចាស់​ជំនួយ ​CLSA ​និង ​UNICEF ​សំរាប់​ការ​គាំទ្រ​​ផ្នែក​ហិញ​វត្ថុ​។ ​ទាំង​នេះ​គឺ​ជា​ការ​ធ្វើ​ការ​ងារ ​រួម​គ្នា​មួយ​ដើម្បី​ឧត្តម​ប្រយោជន៍ ​របស់​កុមារ ​និង​យុវវ័យ ​ដែល​ជា​អនាគគ ​និង​ជា​សរសរ​ទ្រូង​របស់​ប្រទេស​ជាតិ»​៕​










 

Copyright © 2006- 2012 Friends-International, Inc. All rights reserved.